Blogger Widgets
Blogger Widgets

Monday, April 8, 2013

អាឡេវ​(៤​ចប់)

កាលអាឡេវតាមសេដ្ឋីទៅគាល់ស្តេចហើយមានគេសួរថា ឯងឈ្មោះអី? វាប្រាប់ថា ខ្ញុំឈ្មោះអាឡេវតេវ ។ពួកនាហ្មឺន តែឃើញអាឡេវទៅហើយ ក៏ហៅថាអាឡេវតេវ តែរាល់គ្នាដូច្នេះឯង ។ ក្រោមមក អាឡេវតេវទៅលេងនៅសាលាជំនុំ ស្តាប់ចៅក្រមជំនុំជម្រះក្តីតែសព្វថ្លៃក៏ចេះច្បាប់ទម្លាប់ច្ើរន ហើយអាឡេវតេវរើសយកមកសំបុត្រ ដែលគេបោះចោលមានទាំងស្នាមត្រា បោះនៅនោះផង តាំងពីត្រាលោកក្រឡាហោម យមរាជ និងនាហ្មឺនធំតូចទាំងអស់ ដែលមានមាស់ប្រាក់ច្រើន ហើយវាយកក្រមួនមកសូនធ្វើជាត្រា ហើយវាស់នឹងរង្វង់ត្រាកាក សំបុត្រចាស់ ហើយធ្លាក់ធ្វើឲ្យត្រូវតាមស្នាមត្រាចាស់ទាំងអស់រួចវាធ្វើជា សំបុត្រ សឹងមានឈ្មោះនាហ្មឺនអស់នោះជំពាក់ប្រាក់ខ្លះ ១០០ ណែន ខ្លះ ២០០ ណែន ខ្លះ ៥០០ ណែន គ្រប់តែនាហ្មឺនធំតូចតែរាល់គ្នាទាំងអស់ ហើយបត់ទុកក្នុងហឹបមួយពេញ, បើខ្លួនវាមិននៅ ទៅធ្វើការទីណាក្តី ឬទៅលេងក្តីវាយកហឹបនោះទៅផ្ញើនឹងប្រពន្ធសេដ្ឋី ហើយផ្តាំថា កុំឲ្យនរណាបើកឲ្យសោះដល់វាវិលមក ក៏ទៅយកហឹបនោះមកវិញ ធ្វើដូច្នេះជារឿយៗ ។ លុះដល់ថ្ងៃក្រោយទៀត អាឡេវតេវរៀបទៅធ្វើការ ក៏យកហឹបទៅផ្ញើនឹងប្រពន្ធសេដ្ឋី ហើយផ្តាំថា អ្នកប្រយ័ត្នរក្សាទុកឲ្យល្ង កុំឲ្យនរណាបើកមើលលេង ហើយវាក៏ទៅធ្វើការទៅ ។ ឯប្រពន្ធសេដ្ឋី នឹកឆ្ងល់នឹងហឹបអាឡេវតេវណាស់ ក៏យកហឹបនោះមកបើកមើល ឃើញសំបុត្រពេញក្នុងហឹប ហើយលាមើលសំបុត្រអស់នោះ បានឃើញសេចក្តីសំបុត្រថា ពួកនាហ្មឺន ជំពាក់ប្រាក់ សឹងមានចំនួនគ្រប់គ្នាអស់ ហើយបោះត្រាផង ។ លុះរើមើលសំបុត្រទាំងអស់ ឃើញសុទ្ធតែនាហ្មឺនជំពាក់ប្រាក់ជាច្រើនណាស់ដូច្នោះ ក៏យកហឹបសំបុត្រទៅបង្ហាញសេដ្ឋីជាប្តី ។ ឯសេដ្ឋីបានឃើញសំបុត្រអាឡេវតេវសព្វគ្រប់ហើយ ក៏និយាយនឹងប្រពន្ធថា កាលអាឡេវតេវវាមកនៅនឹងយើងនោះ អញបានសួរពីម្តាយឪពុកនៅឯណា វាប្រាប់ថា គ្មានម្តាយឪពុកទេ ស្លាប់អស់ហើយៗ វាប្រាប់អញថា កាលដែលម្តាយឪពុកវានៅរស់នៅឡើយនោះ មានទ្រព្យសម្បត្តិដូចជាយើងនេះដែរ ឥឡូវនេះ មកឃើញសំបុត្រអស់នាហ្មឺនជំពាក់ប្រាក់វាច្រើនម៉្លេះនេះសឹងត្រូវ នឹងបាក្យវានិយាយពីមុននោះប្រាកដមែន, គំនិតប្រាជ្ញាវា សមជាមនុស្សមានពូជ, មួយទៀត ការងារទាំងអស់ក្នុងផ្ទះយើងសព្វថ្ងៃនេះ ក៏បានវាជួយដាស់តឿនថែទាំមើលរក្សា ដឹងបាត់ ដឹងគង់ដឹងខូច ដឹងជា មានតែវាហ្នឹងហើយទុកដូចជាកូន ឥឡូវកូនស្រីយើងមួយនេះ ពេញក្រមុំល្មមមានប្តីហើយ, ពួកស្តេចនាហ្មឺនមកដណ្តឹងចង់បានជាច្រើនណាស់ហើយ យើងមិនត្រូវចិត្ត បានជាយើងមិនព្រមឲ្យ ឥឡូវនេះបើយើងឲ្យអាឡេវតេវនោះ យើងខ្មាសគេណាស់ ត្បិតអាឡេវតេវនោះ វាជាមនុស្សកំព្រាក្បាលមួយ មកនៅស្រុកអាយ គ្មាននរណាស្គាល់ពូជពង្សវង្សាជាល្អ ឬអាក្រក់, យើងនឹងឲ្យកូនយើងជាប្រពន្ធទៅ ក្រែងខ្មាស់គេ បើយើងមិនឲ្យកូនយើងជាប្រពន្ធវា ដូចជានឹកស្តាយ ត្បិតកំនិតមារយាទវាជាមនុស្សល្អ ជួយឈឺឆ្អាលក្នុងការងារយើង ដូចជាការងាររបស់ខ្លួនវាដែរ, ដំណើរនេះក្របើគិតណាស់ ។ ឯប្រពន្ធសេដ្ឋឆ្លើយឡើងថា ត្រង់កិច្ចដែលធ្វើមិនឲ្យខ្មាស់គេនោះវាងាយទេ, យើងនឹងរៀបការក្នុងវេលាយប់ ហើយរៀបបន្តិចបន្តួចសោះតែខាន កុំឲ្យខ្មោចព្រៃខឹង យើងផ្សំផ្គុំឲ្យជាប្តីប្រពន្ធនឹងគ្នាទៅ! បើយូរទៅហើយទើបគេដឹងនោះ យើងក៏អស់ខ្មាស់គេហើយ! ពីព្រោះវាមានបំណុលវាក៏ច្រើនដែរ ។ ហេតុតែព្រេងមាន សំណាងរបស់អាឡេវនឹងកូនក្រមុំសេដ្ឋីនោះ ត្រូវបានគ្នាជាប្តីប្រពន្ធ សេដ្ឋីគិតឃើញព្រមដូចពាក្យប្រពន្ធពន្យល់ ក៏ព្រមឲ្យកូនក្រមុំជាប្រពន្ធអាឡេវតេវ, ហើយហៅអាឡេវតេវប្រាប់ថា តាំងពីថ្ងៃដេលឯមកនៅនឹងអញៗមើលទៅគំនិតមារយាទចិត្តថ្លើមឯង ឈឺឆ្អាលក្នុងការងារអញដូចជាកូន, អញបង្កើតបើដូច្នោះ អញឲ្យកូនក្រមុំអញជាប្រពន្ធឯង ។ អាឡេវតេវឮសេដ្ឋិប្រាប់ថា ឲ្យកូនក្រមុំជាប្រពន្ធដូច្នោះ ក៏មានចិត្តត្រេកអរណាស់ ។ សេដ្ឋីក៏ហៅកូនក្រមុំមករៀបសំពះមេបាចាស់ទុំ រៀបសែនព្រេនតាមសណ្តាប់បុរាណ ផ្សំផ្គុំអាឡេវតេវនិងកូនក្រមុំជាប្តីប្រពន្ធគ្នាទៅ ។ លុះការរួចបានពីរបីថ្ងៃ ប្រពន្ធអាឡេវតេវទៅគាល់ស្តេចឯក្នុងវាំង បាននិយាយប្រាប់អាឡេវតេវជាប្តីឲ្យដឹង ។ ឯអាឡេវក៏និយាយផ្តាំប្រពន្ធថា អញទៅចាំនៅសាលាជំនុំ បើនាងឯងឃើញអញបោយដៃហៅ ត្រូវនាងឯងលើកជើងពានស្លា មកលុតជង្គង់ហុចពានស្លានោះឲ្យអញ, អញទទួលយកហើយ នាងឯងសំពះត្រឡប់ទៅវិញចុះ ។ អាឡេវតេវ លុះនិយាយផ្តាំប្រពន្ធសព្វគ្រប់ហើយ ក៏ស្លៀកសំពត់ចាស់ពាក់អាវចាស់ ដូចកាលធ្វើការពីមុន ហើយទៅអង្គុយលេងនៅសាលាជំនុំ ។ ពួកនាហ្មឺនសព្វមុខមន្រ្តី ចៅក្រមសាលា ភ្នាក់ងារក្រមការ ឃុនហ្មឺន មហាតលិកមកពាសពេញ ឃើញអាឡេវតេវអង្គុយនៅសាលា នាហ្មឺនខ្លះត្បកក្បាល ខ្លះទះខ្នងខ្លះទាញដៃ ខ្លះឲ្យអាឡេវធ្វើត្លុកក្រមាច់លេង ត្បិតធ្លាប់លេងពីមុនមកដូច្នេះឯង ។ ឯអាឡេវតេវជាមនុស្សមានប្រាជ្ញា ក្រមាច់កំប្លែងលេងឲ្យគេចូលចិត្ត មិនចេះខឆងនឹងនរណាទេ ទោះនាហ្មឺនសព្វមុខមន្រ្តី ឃុនហ្មឺន មហាតលិក នូវក្រមការភ្នាក់ងារ ប្រើវាដូចម្តេចក្តី លេងដូចម្តេចក្តី ក៏មិនចេះខឹង មិនចេះប្រកែកឲ្យអ្នកណាអាក់អន់ចិត្ត តាំងតែពីដើមមក ដូច្នេះឯង ហើយពួកនាហ្មឺនមិនដឹងជាអាឡេវតេវបានកូនក្រមុំសេដ្ឋីមកធ្វើជា ប្រពន្ធផង ស្មានថាអាឡេវតេវជាមនុស្សផ្តេសផ្តាស ដើរសុំទានគេស៊ីរកទីលំនៅគ្មាន បានជានាំគ្នាមាក់ងាយវា ។ លុះដល់កូនសេដ្ឋី ជាប្រពន្ធអាឡេវតេវជិះអង្រឹងស្នែង ហើយមានមនុស្សម្នាខ្ញុំកំដរ កាន់ប្រអប់មាស់ប្រាក់ ដើរពាសពេញផ្លូវមក នាហ្មឺនទាំងអស់ក៏និយាយថា ហ្ម៎! មើលកូនក្រមុំសេដ្ឋីល្អណាស់ ដើរចូលក្នុងវាំង នាហ្មឺនខ្លះលាន់មាត់ថា ល្អមែន! កូនស្តេចកូននាហ្មឺនដណ្តឹងជាច្រើនហើយតែមិនបាន ។ ឯអាឡេវតេវឮនាហ្មឺននិយាយគ្នាថា កូនស្តេច កូននាហ្មឺនដណ្តឹងកូនក្រមុំ សេដ្ឋីមិនព្រមឲ្យ ដូច្នោះ ក៏ឆ្លើយឡើងថា បើអស់លោកថា ដណ្តឹងកូនក្រមុំសេដ្ឋីឲ្យកូនលោកមិនបាន លោកចាំមើលខ្ញុំបាទវិញចុះ វេលាកូនក្រមុំសេដ្ឋីចេញមក អំពីក្នុងវាំង ខ្ញុំបាទនឹងហៅឲ្យចូលមក ហើយឲ្យយកស្លាមកឲ្យខ្ញុំបាទទទួលទាន លោកហ៊ានភ្នាល់ទេ? ។ ពួកនាហ្មឺន ឮអាឡេវតេវថាដូច្នោះ មិនជឿ ត្បិតមិនដឹងជាសេដ្ឋីឲ្យកូនក្រមុំទៅជាប្រពន្ធអាឡេវតេវសោះ ។ មួយទៀតពួកនាហ្មឺនទាំងនោះ ធ្លាប់តែដឹងថា អាឡេវតេវជាមនុស្សក្រមាចលេងផ្តេសផ្តាសតែដោយផ្ទះនាហ្មឺន បានជាមាក់ងាយវាខ្លាំងណាស់ ហើយមិនដឹងជាអាឡេវតេវមានប្រាជ្ញាច្រើនដល់ម្ល៉ឹងសោះ ទើបហ៊ាននាំគ្នានិយាយភ្នាល់នឹងអាឡេវតេវថា បើឯងហៅកូនក្រមុំសេដ្ឋីចូលមកយកស្លាម្លូមកឲ្យឯងស៊ីបាន អញហ៊ានភ្នាល់នឹងឯង ប៉ុន្តែឯងគ្មានអ្វីដាក់ភ្នាល់នឹងអញទេ ។ អាឡេវតេវ ឮពួកនាហ្មឺនថាដូច្នោះ ក៏ឆ្លើយឡើងថា លោកកុំព្រួយប្រសាសន៍នឹងខ្ញុំបាទ បើខ្ញុំបាទចាញ់លោក ខ្ញុំបាទធ្វើសំបុត្រនៅបម្រើជាខ្ញុំលោកដល់អស់ជីវិត តាមចិត្តលោកប្រើធ្វើអ្វី ខ្ញុំបាទទទួលធ្វើទាំងអស់ ។ នាហ្មឺនសព្វមុខមន្រ្តីទាំងអស់ ឮអាឡេវតេវថាដូច្នោះ ក៏អរគ្រប់គ្នា ដោយចង់បានអាឡេវតេវមកធ្វើជាខ្ញុំតែរៀងៗខ្លួន ត្បិតវាចេះនិយាយភូតភរក្រមាច់កំប្លែងលេង គ្រាន់សប្បាយដោយសារវា, មួយទៀតមាក់ងាយអាឡេវតេវថា ជាមនុស្សចោលម្សៀតធ្វើម្តេចនឹងហៅកូនសេដ្ឋីឲ្យចូលមកបាន ហើយនិយាយគ្នាថា " យើងយកអាឡេវតេវធ្វើជាខ្ញុំ គ្រាន់និយាយភូតភរក្រមាច់លេង ហើយយើងចែកគ្នាប្រើលេងសប្បាយ, ចិត្តវាចុះ ត្បិតវាមុខជាចាញ់យើងហើយ" ។ អាឡេវតេវនិងបួកនាហ្មឺនធ្វើសំបុត្របង្កាន់ដៃភ្នាល់តាមដំណើរសព្វ គ្រប់ហើយ ទើបពួកនាហ្មឺនប្រាប់អាឡេវតេវថា "ឯងចង់បានមាស់ប្រាក់ប៉ុន្មាន? ដំរីចងកូប សេះចងអាន ទាំងគ្រឿងដែលជីះមកប៉ុន្មាន ចូរដាក់ក្នុងសំបុត្រតាមចិត្តឯងចុះ" ។ អាឡេវតេវក៏សរសេរដាក់ក្នុងបង្កាន់ដៃដែលភ្នាល់គ្នាឲ្យខាងតែច្រើន ទាំងមាស់ទាំងប្រាក់ ទាំងដំរី ទាំងសេះ គ្រប់គ្រឿង ហើយជូនទៅពួកនាហ្មឺនឲ្យបោះត្រា រួចទទួលយកមកវេចមួយសម្ពាយក្រវាត់តុក ហើយទៅអង្គុយចាំនៅមាត់ទ្វារសាលា បន្តិចឃើញកូនសេដ្ឋីជាប្រពន្ធវាចេញពីក្នុងវាំង វាក៏បោយដៃហៅថា "នាងយកស្លាមកឲ្យបងស៊ី" ។ កូនសេដ្ឋី ឮប្តីហៅឲ្យយកស្លាមកដូច្នោះក៏ម្នីម្នាចុះពីអង្រឹងស្នែង ហើយដាក់ស្លាលើជើងពានយកមកឲ្យប្តី ។ អាឡេវតេវក៏ទទួលយកស្លាស៊ី ហើយនាំប្រពន្ធនូវកំដរ ឡើងជិះសេះដំរីដែលតែងគ្រឿងគ្រប់ស្រាប់ ទៅកាន់ផ្ទះសេដ្ឋីជាឪពុកក្មេក ។ អាឡេវតេវនិយាយផ្តាំខ្ញុំកំដរថា "បើលោកឪពុកលោកម្តាយ ឬអ្នកឯណាជាមនុស្សនៅក្នុងផ្ទះក្តី ឬអ្នកជិតខាងក្តី គេសួរថាបានសេះដំរីពីណាមក? ឲ្យជម្រាបឲ្យប្រាប់គេថា ទារបំណុលអំពីគេ" ។ ឯពួកនាហ្មឺនសព្វមុខមន្រ្តី ក្រមការ ភ្នាក់ងារ នូវឃុនហ្មឺន មហាតលិក ដែលភ្នាល់ចាញ់អាឡេវតេវ ស្រាប់តែភ័យ ភ្នែកសរៀងខ្លួន ស្តាយរបស់ទ្រព្យ និងដំរីសេះជាជំនិះ ធ្លាប់ចិះជាលម្អត្រូវចិត្ត សុទ្ធសឹងតែគ្រឿងមាសនិងប្រាក់ពន់ពេក ហើយនិយាយគ្នាថា យើងបង់គំនិតអាឡេវតេវហើយជាន់នេះ" ? ឯអាឡេវតេវនិងប្រពន្ធខ្ញុំកំដរ ជិះដំរីសេះមានកូបមានអាន នូវគ្រឿងប្រដាប់សុទ្ធសឹងតែមាសនិងប្រាក់ ។ លុះទៅដល់ផ្ទះហើយ សេដ្ឋីជាឪពុកក្មេកម្តាយក្មេក នូវអស់មនុស្សម្នា ភ្នាក់ងារក្នុងផ្ទះឃើញដំរីសេះពាសពេញដូច្នោះ ក៏នឹកឆ្ងល់ហើយសេដ្ឋីប្រើមនុស្សឲ្យទៅសួរអាឡេវតេវៗ ក៏ប្រាប់ថា " ទារបំណុលអំពីគេមក" ។ សេដ្ឋីជាឪពុកក្មេកម្តាយក្មេកក៏និយាយគ្នាថា " យើងអស់ខ្មាសគេហើយ" ។ ចាប់ដើមពីថ្ងៃនោះមក សេដ្ឋីប្តីប្រពន្ធ ក៏រឹតតែស្រឡាញ់អាឡេវតេវលើសអំពីមុនទៀត ។ អាឡេវតេវ ក៏ទៅទារប្រាក់ពីពួកនាហ្មឺនសព្វមុខមន្រ្តីតែសព្វថ្ងៃ ជញ្ជូនយកមក ហើយវាគិតធ្វើការរកស៊ី ជួសសេដ្ឋីជាឪពុកក្មេកម្តាយក្មេក មិនឲ្យព្រួយចិត្តគ្រប់ជំពូក ។ នៅយូរមក សេដ្ឋីចាស់ជរា អស់អាយុទៅ អាឡេវ តេវ ក៏បានជាសេដ្ឋីធំក្នុងនគរនោះឯង ។





ប្រភពនិងឯកសារយោង ៖

http://www.chanbokeo.com
Read more ...

ព្រាហ្មណ៍ នឹង ​ឆ្កែ

រឿង​នេះ មាន​យូរ​អង្វែង​ណាស់​មក​ហើយ ។ គឺ​ក្នុង​សករាជ​ព្រះ​ពុទ្ធ​ធូម៉ាណា (Thoumana)ទី ១៣ ។ មាន​ព្រហ្មណ៍​ម្នាក់​ ឈ្មោះ អាហ៍មន់ដា ( Ahmanda) ដែល​រស់​នៅ​ក្នុង​ស្រុក ស៊ីកាមា (Jikama) ។ ថ្ងៃ​មួយ​នៅ​ពេល​ដែល​ព្រះ​សុរិយា​ហៀប​អស្ដង្គត​រលត់​ទៅ ព្រាហ្មណ៍​នោះ​បាន​ឃើញ​ឆ្កែ​សំគម​មួយ​ដែល​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​ដែរ ឆ្កែ​នេះ គឺ​ជា​ឆ្កែ​ព្រៃ​កំសត់​ចាស់​ជរា​រោម​រុះ​គ្មាន​សល់ កម​រមាស់​ពេញ​ខ្លួន ដែល​លួច​ចូល​ទៅ​ក្នុង​ទី​ក្រុង​ក្នុង​វេលា​ថ្ងៃ ដើម្បី​រក​អាហារ​ក្រៀម​ក្រោះ ដែល​អ្នក​ស្រុក​បោះ​ចោល​ក្នុង​សំរាម​តាម​ផ្លូវ ។ ដល់​ពេល​ព្រលប់​ដោយ​ខ្លាច​គេ​វាយ វា​ក៏​រត់​ទៅ​កាន់​ព្រៃ​ដែល​ធ្លាប់​នៅ ។អាហ៍មន់ដា ( Ahmanda) ភ្លេច​គិត​ដល់​ពាក្យ​ទូន្មាន​ព្រះ​ពុទ្ធ​ក៏​កាន់​ថ្មោង​មួយ​យ៉ាង​ធំ​នៅ​ដៃ រត់​ដេញ​តាម​ឆ្កែ​នោះ​ទៅ ដោយ​ឥត​ពិចារណា​បន្តិច​សោះ ។ ឯ​ឆ្កែ​នោះ​ភ័យ​តក់​ស្លុត​នឹង​ការ​ប្រហារ​នេះ ក៏​ឈប់​រត់​ហើយ​និយាយ​ថា « ឱ​ព្រាហ្មណ៍ ! បើ​លោក​សំឡាប់​ខ្ញុំ តើ​លោក​បាន​ផល​ប្រយោជន៍​អ្វី ? ខ្ញុំ​សុំ​ចិត្ត​លោក សុំ​លោក​កុំ​សម្លាប់​ខ្ញុំ​ធ្វើ​អ្វី ហើយ​ខ្ញុំ​សុំ​សន្យា​ថា ខ្ញុំ​នឹង​ជូន​មាស ២ ពាន់​ត្រណោត​ដល់​លោក » ។ ឯ​ព្រាហ្មណ៍​ភ្លេច​គិត​ដល់​សាសនា​ព្រះ​ពុទ្ធ​បែរ​ចិត្ត​ទៅ​រក​គ្រឿង​តំរេក ភ្លេច​គិត​ដល់​សេចក្ដី​អំនួត​ដ៏​អាក្រក់ នៅ​នា​លោក​នេះ ក៏​ឆ្លើយ​នឹង​ឆ្កែ​វិញ​ថាៈ « ល្អ​ណាស់ អញ​សុខ​ចិត្ត អញ​មិន​សម្លាប់​ឯង​ទេ ប៉ុន្តែ​ឯង​ត្រូវ​ឲ្យ​របស់​ដែល​ឯង​សន្យា​នោះ​មក​អញ​ឲ្យ​ឆាប់»។ « ឱព្រាហ្មណ៍ ! តើ​ឲ្យ​ខ្ញុំ​ជូន​មាស​នោះ​មក​លោក​នៅ​ទី​នេះ​ម្ដេច​បាន ? ខ្ញុំ​ឥត​ជាប់​មក​ជា​មួយ​ផង​ទេ, បើ​ដូច្នោះ អ្នក​ចូរ​បី​ខ្ញុំ​ទៅ​ឯ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​នៅ​ក្នុង​ព្រៃ​ឯ​ណោះ​ទើប​ បាន គឺ​នៅ​ព្រៃ​ឯ​ណោះ​ទេ​ដែល​ខ្ញុំ​លាក់​កំណប់​របស់​ខ្ញុំ, លុះ​កាល​ណា​ទៅ​ដល់​ហើយ ខ្ញុំ​នឹង​ទៅ​យក​មក​ជូន​លោក​ភា្លម​ឲ្យ​គ្រប់​ចំនួន ។ ព្រាហ្មណ៍​ថា « នែ​បង​ឆ្កែ បើ​អញ​បី​សត្វ​តិរច្ឆាន​ដូច​ឯង​នេះ តើ​អ្នក​ដំនើរ​ផង​ទាំង​ពួង​គេ​និន្ទា​អញ​យ៉ាង​ណា​ទៅ ? » ។ ឆ្កែ​ថា « បើ​ដូច្នោះ រុំ​ខ្ញុំ​ក្នុង​អាវ​របស់​លោក រួច​លើក​ខ្ញុំ​លី​ខ្ញុំ​លើ​ល្មា​ទៅ បើ​អ្នក​ណា​មើល​ឃើញ ទៀង​តែ​នឹក​ស្មាន​ថា លោក​លី​កូន​ឬ​លី​ចៅ​របស់​លោក​មិន​ខាន » ។ ឯ​ព្រាហ្មណ៍​ដោយ​មាន​ចិត្ត​លោភ​ចង់​បាន​មាស ២ ពាន់​ត្រណោត​ ដែល​គាត់​ឃើញ​នៅ​ក្នុង​កណ្ដាប់​ដៃ​គាត់​ទៅ​ហើយ ក៏​ព្រម​ព្រៀង​ធ្វើ​តាម​ពាក្យ​ឆ្កែ​បង្គាប់ គាត់​រុំ​ឆ្កែ​នោះ​ក្នុង​អាវ​របស់​គាត់​ហើយ ក៏​លើក​ដាក់​លើ​ស្មា​រួច​ដើរ​ត្រង់​ទៅ​មុខ ដោយ​មាន​ជំហាន​នោះ​វែង ៗ ចូល​ទៅ​ក្នុង​ព្រៃ ។លុះ​ដល់​កន្លែង​ឆ្កែ​ដែល​សំណាក់​នោះ ៗ ឆ្កែ​ក៏​បាន​ប្រាប់​ហើយ​ក៏​និយាយ​ទៅ​កាន់​ព្រាហ្មណ៍​ថាៈ «ឱ​ចៅហ្វាយ​ម្ចាស់ នៅ​ចាំ​ខ្ញុំ​ត្រង់​កន្លែង​នេះ​មួយ​ស្របក់​សិន ខ្ញុំ​ទៅ​យក​មាស ២ ពាន់​ត្រណោត រួច​ខ្ញុំ​យក​មក​ជូន​លោក​ភ្លាម ដើម្បី​ជា​រង្វាន់​ដល់​លោក ដោយ​លោក​មាន​ចិត្ត​ល្អ​នឹង​ខ្ញុំ ! ថា​ហើយ​ឆ្កែ​នោះ ក៏​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​យ៉ាង​រហ័ស​ដោយ​ឥត​ងាក​ក្រោយ​បន្តិច​ឡើយ ។ឯ​ព្រាហ្មណ៍​ក៏​រង​ចាំ​នៅ​កន្លែង​នោះ​ទាល់​តែ​យប់ ឥត​មាន​ឃើញ​ឆ្កែ​នោះ​ត្រឡប់​មក​វិញ​សោះ ។ រួច​គាត់​ក៏​ប្រះ​ដេក​ទៅ​លើ​ពសុធា នៅ​ត្រង់​កន្លែង​នោះ​អស់ ១ យប់ លុះ​ព្រឹក​ឡើង ដោយ​ឥត​បាន​ផល​អ្វី​សោះ ។ក្រោយ​មក មាន​អ្នក​ដំណើរ​ម្នាក់​ដើរ​តាម​ផ្លូវ​នោះ លុះ​បាន​ឃើញ​ព្រាហ្មណ៍​ឈរ​នៅ​ស្ងៀម​ភ្នែក​ចោល​ជាប់​ទៅ​ត្រង់​កន្លែង​ដែល​ ឆ្កែ​ដើរ​ចេញ​ទៅ​នោះ ក៏​សាក​សួរ​ទៅ​ព្រាហ្មណ៍​ថា តើ​អ្នក​រង​ចាំ​អ្វី ។ ព្រាហ្មណ៍​ក៏​និយាយ​ប្រាប់​រឿង​ហេតុ​ទាំង​អស់ អំពី​ហេតុ​ដែល​គាត់​ខាន​សំឡាប់​ឆ្កែ​នោះ នឹង​អំពី​មាស ២ ពាន់​ត្រណោត​ដែល​ឆ្កែ​បាន​សន្យា​ថា​ឲ្យ ។ ឯ​អ្នក​ដំណើរ​នោះ​និយាយ​ដោយ​ទ្រគោះ​ថាៈ « អ្នក​ឯង​ឆ្កួត​ជាង​ឆ្កែ​នោះ​ទៅ​ទៀត, ហេតុ​ម្ដេច​បាន​ជា​អ្នក​ឯង​ឆាប់​ជឿ​ពាក្យ​របស់​ឆ្កែ​តិរច្ឆាន​ដែល​មិន​ចេះ​ រក​កំទេច​អាហារ​ខ្លួន​ឯង​បាន​ផង​នោះ ? ឯ​កិច្ច​ដ៏​ប្រសើរ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ចូរ​អ្នក​កុំ​អួត​ងាង​ថា​គ្រាន់​បើ ! » ។ព្រាហ្មណ៍​ក៏​សុខ​ចិត្ត ប្រព្រឹត្ត​តាម​ដំបូន្មាន​ដ៏​ប្រសើរ​នេះ​ដោយ​អៀន​ខ្មាស​ផង ប៉ុន្តែ​ដោយ​បាន​ជា​ស្បើយ​អំពី​កំហុស​របស់​ខ្លួន​ហើយ​បាន​ធ្វើ​តាម​ ដំបូន្មាន​អ្នក​ប្រាជ្ញ​ធូដាម្មាសារី ( Thou damma Sari ) ដែល​គេ​តែង​និយាយ​មិន​ដែល​ឈប់​ថាៈ« មនុស្ស​ណា ដែល​ចង់​បាន​នាម​ឲ្យ​ពេញ​ជា​មនុស្ស​ឆ្លាត តោង​ប្រុង​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​ដែល​មិន​សម, មុន​នឹង​ទុក​ចិត្ត​អ្នក​ណា​មួយ​តោង​ថ្លឹង​ឲ្យ​ល្អិត រួច​តោង​គិត​មើល​ដំឡៃ​ពិត​នៃ​ការ​សម្ងាត់ ដែល​អ្នក​ត្រូវ​ជ្រើស, បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ធ្លាក់​ខ្លួន​ដូច​ព្រាហ្មណ៍​នេះ​ដែល​សត្វ​ឆ្កែ​កំសត់ បាន​លូក​លេង​ហើយ​បាន​ទាំង​បំបែរ​ឲ្យ​ទៅ​ជា​ល្បែង​សើច​ផង,
 
រឿង​ព្រេង​ភូមា
លោក សាង - សាវ៉ាត លេខានុការ​ក្រសួង​ហិរញ្ញវត្ថុ
ប្រែ​ចេញ​ពី សៀវភៅ​កុងបីរ្ម័ន ( Contes birmans ) របស់​លោក​ល្វីវុស្សុង ( Louis Vossion )
ជា​ភាសា​បារាំង​មក​ខ្មែរ
ព្រាហ្មណ៍ នឹង​ឆ្កែ
(ជន​ណា​ទុក​ចិត្ត​មនុស្ស​ទើប​ស្គាល់ចាស់​លោក​ហ៊ាន​ភ្នាល់​គង់​ត្រូវ​បោក)

ប្រភពនិងឯកសារយោង ៖

http://www.budinst.gov.kh
Read more ...

រឿង សត្វត្រចៀកកាំ និង​ ហ្វូងចាប

Read more ...