Blogger Widgets
Blogger Widgets

Monday, April 8, 2013

រឿង ដើមកោងកាងនិងឈើទាល

តាម បុរាណបានដំណាលតៗ មកថា កាលពីដើមឡើយ ដើមកោងកាង ជាឈើមួយពួកនៅតែ លើភ្នំ និង ជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែកមាត់ស្ទឹង មាន មាត់អូរ ម្ល៉ោះហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះទឹករលើងរលំដើមឈើទាលនោះ ៗ ស្លាប់អន្តរាយអស់។ ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងជារាល់ឆ្នាំ យ៉ាងនេះ ក៏ជំនុំគ្នាថា៖ ពួកយើងនឹងទ្រាំដុះលើដីទំនាបយ៉ាងនេះ ត ទៅទៀតពុំបាន បើដូច្នេះយើងត្រូវនាំគ្នាទៅនិយាយនិងដើមកោងកាងអោយមកដុះនៅលើដីមានសភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមានឬសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន។ លុះជំនុំគ្នាព្រម ព្រៀង ហើយ ពពួកដើមឈើទាលទាំងឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបាន ជំនុំគ្នាមក ។ មុនដដំបូងដើមកោងកាងប្រកែក តែដើមឈើទាលអង្វរថា ៖ បើអ្នកព្រមប្ដូរទៅដុះ នៅកន្លែងយើង យើងរាល់គ្នា នឹងតបឧបការគុណអ្នករាលឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំង អស់គ្នា នឹងកោរសក់បួសជូនម្ដង ។ឯដើមកោងកាងកាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរចុះមកនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ឯដើមឈើ ទាល ក៏នាំគ្នាឡើងទៅដុះនៅលើកំពូលភ្នំ និងជើងភ្នំវិញ។ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃ នៅ លើភ្នំ និងតាមជើងភ្នំនានា គេឃើញមានច្រើនតែដើមឈើទាលដុះទៅវិញ។ចំណែកឯដើមកោង កាង គេឃើញដុះតែនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ និងមាត់សមុទ្រជាដរាបមក។ម្យ៉ាង ទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើមឈើទាល ជំរុះស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង គឺបួស ជូនដើមកោងកាងនោះឯង។ចំណែកដើមកោងកាង កាលបើបានទៅដុះនៅតាមមាត់ព្រែក មាត់ ស្ទឹង និងមាត់អូរ មាត់សមុទ្រ កាលណា តែងទៅលបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់ បានជានាងក្លាំពាក់ខឹង យកឈើទៅបោះចម្រូងពាសពេញ គឺដើមក្លាំពូននេះឯង ដើម្បីមិនអោយ ដើមកោងកាងចូលទៅលបលួចចែចង់កូនក្រមុំខ្លួនបាន ។ ឯចំណែកដើមកោងកាង កាលបើត្រូវ ក្លាំពាក់បោះចម្រូងមិនអោយចូលចុះដូច្នោះ ក៏តាំងបោះស្ពានឆ្លងកាត់ ចម្រូងនោះទៅទៀត ។ ព្រោះហេតុនេះឯង បានជាសព្វថ្ងៃ មានដើមកោងកាងដុះនៅទីណា គេតែងឃើញមានដើមក្លាំ ពាក់ និងក្លាំពូ ដុះនៅទីនោះជាដរាបហើយដើមក្លាំពូដែលដុះឡើងនោះបើក្រឡេកមើលទៅឃើញ វិស័យដូចជាចំរូងមែន ៗ ដោយហេតុដើមនោះ មូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។ ចំណែកដើមកោងកាងសោតទៀត ក៏មានឬសវែង ៗ ធំ ៗ ចាក់ស្រេះទៅក្នុងដី-ក្នុងទឹកជា ច្រើន ច្រើនជាងមែកទៅទៀត តម្រៀបគ្នាជាជួរ មើលទៅវិស័យដូចជាស្ពានពិត ៗ ហើយបើ ទោះជាទឹករលក ឬទឹកជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ៕
 
 
ប្រភពនិងឯកសារយោង ៖

No comments:

Post a Comment