Blogger Widgets
Blogger Widgets

Monday, April 8, 2013

រឿង សត្វប្រឡាំងកាស

កាល ណាគេឃើញសត្វប្រឡាំងកាស គេតែងនឹកឆ្ងល់ចំពោះភាពប្លែករបស់សត្វនេះ គឺតែឃើញញី ក៏នឹងឃើញឈ្មោល​​រស់នៅជាប់លើខ្នងញីនោះជាដរាប ។ ដូចនេះ ទើបមានពាក្យគេចំអន់គ្នាលេងចំពោះមនុស្សប្រុសដែលខ្ជិលរកស៊ី រស់តែដោយសារស្រីថា ”កុំធ្វើដូចសត្វប្រឡាំងកាស” ។ ចំពោះការរស់នៅដ៏ចំឡែករបស់សត្វនេះមានរឿងព្រេងបរម្បរា និទានដូចតទៅនេះ ៈកាលនោះ មានក្សត្រមួយព្រះអង្គ ទ្រង់មានអគ្គជាយាប្រកបដោយ រូបឆោមលោមពណ៌ល្អស្រស់ តែព្រះអង្គ ពុំមានព្រះរាជបុត្រសោះ ។ ថ្ងៃមួយព្រះអង្គ ទ្រង់ហៅហោរអោយចូរមកគន់គូរ ដើម្បីរៀបពិធីយ៉ាងណាឲ្យបានព្រះរាជបុត្រមួយ ។ ហោរា ចូលថ្វាយទំនាយ សុំព្រះអង្គរៀបពិធីពលិការបួងសួងចំពោះទេពតា ដើម្បីសុំបុត្រ ដោយមានរៀបចំគ្រឿងសក្ការៈបូជាជាឧឡារិកផង។ ដោយសារ ឫទ្ធានុភាពនៃការបួងសួងនេះ ព្រះក៏បានព្រះរាជបុត្រាមួយព្រះរាជឱរសនោះ ប្រកបដោយរូបឆោមស្អាតបាតល្អណាស់ គួរជាទីសព្វព្រះហឫទ័យ នៃព្រះវររាជបិតា-មាតាយ៉ាងក្រៃលែង ។ លុះព្រះអង្គបានព្រះជន្មាយុ ៧ ឆ្នាំហើយមានពេលមួយនោះ ព្រះវររាជមាតា ទ្រង់ភ្នកព្រះរាជហឫទ័យ ចង់នាំព្រះរាជបុត្រា ចេញទៅក្រសាលក្នុងឧទ្យាន ។ ព្រះនាង ក៏ថ្វាយបង្គំលាព្រះស្វាមី នាំព្រះរាជបុត្រាចេញទៅដោយ មានព្រះរាជបរិពារហែហមផង ។ ជាគ្រោះអាក្រក់ ពេលនោះមានគ្រុឌមួយ ហិចហើរដើរស្វែងរក អាហារសព្វទិសទី ស្រាប់តែមកបន្ទះឃើញឧទ្យាន ដែលមានមនុស្សអ៊ូអរនោះ សត្វគ្រុឌចង្រៃ ក៏ចុះមកឆាបឆក់ពាំយកព្រះកុមារ ពីកណ្ដាលចំណោម មនុស្សនោះទៅ ។ ព្រះវររាជមាតា ទ្រង់រន្ធត់ស្លុតព្រះទ័យយ៉ាងខ្លាំង ដោយនឹកស្ដាយព្រះរាជបុត្រាបណ្ដូលហឫទ័យ ។ ព្រះនាង នាំបរិពារតាមមើលសត្វចង្រៃ ដែលពាំយកព្រះរាជបុត្រទៅនោះឃើញថាវាហើរឆ្លងសមុទ្រ យ៉ាងឆ្ងាយដាច់កន្ទុយភ្នែក ។ លុះអស់សេចក្ដីសង្ឃឹមហើយព្រះនាងទ្រង់យាងត្រឡប់ នាំទាំងព័ត៌មានយ៉ាងក្រៀមក្រំនេះ ទៅថ្វាយព្រះស្វាមីវិញ។ ព្រះអង្គវិតក្កក្រៃលែងណាស់ ក៏ចាត់ចែងអោយរកហោរាមកគន់គូរ អំពីជោគវាសនានៃព្រះរាជបុត្រា ។ ហោរបានថ្វាយ ទំនាយថាៈ ព្រះរាជកុមារ មិនទាន់អស់ព្រះជន្មទេ សត្វនេះនឹងត្រូវអាក់ដំណើរនៅពាក់កណ្ដាលផ្លូវ ជាមិនខាន ។ក្រោយពីបានជ្រាបព័ត៌មាននេះហើយ ព្រះរាជាទ្រង់អោយធ្វើភេរីចរណ៍ ប៉ាវគងឃ្មោះរកអ្នកខ្លាំងពូកែ មានឫទ្ធិអាចឆ្លងសមុទ្រ ទៅតាមយកព្រះរាជកុមារ អោយបានអំពី គ្រុឌមកវិញ ។ គ្រានោះ គ្មានមនុស្សណាម្នាក់ហ៊ានធានាខ្លួន ជួយយកអាសាព្រះអង្គសោះ នាំអោយពួកភេរីចរណ៍ ចេះតែដើរទៅៗ រហូតដល់មាត់សមុទ្រ ពេលនោះស្រាប់តែ នាងណាំក្រឹះ ដែលរស់នៅត្រង់ឆ្នេរសមុទ្រនោះ ក៏មកប្រាកដខ្លួនចំពោះព្រះរាជបម្រើ ហើយសុំធានាខ្លួនទៅ តាមយកព្រះរាជកុមារអោយទាល់តែបាន។ក្រុមរាជបម្រើ ក៏នាំដំណឹងនេះ ទៅថ្វាយព្រះរាជា ព្រះអង្គទ្រង់ថ្លែងអំណរពន់ប្រមាណ ចំពោះនាងណាំក្រឹះ ដែលមានសេចក្ដីក្លាហានអង់អាចហើយ ព្រះអង្គទ្រង់សន្យាថា នឹងប្រោសព្រះរាជទានទ្រព្យដ៏មានតម្លៃជារង្វាន់ចំពោះសេចក្ដីកលា ហានរបស់នាង នៅពេលនាងយកបានព្រះរាជបុត្រាមកវិញ។នាងណាំក្រឹះ ក៏ថ្វាយបង្គំលាព្រះរាជាចេញទៅ ។ ថ្លែងពីសត្វគ្រុឌដែលពាំយកព្រះរាជកុមារនោះទៅលុះ ឆ្លងផុតសមុទ្រ មួយទៅ បានទៅដល់កោះមួយ ក៏ប្រទះនឹងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងវីវក់ ធ្វើអោយសត្វនោះរបូតជ្រុះព្រះរាជកុមារពីមាត់ ធ្លាក់ទៅលើធ្នារខ្សាច់នោះ ទៅតែព្រះរាជកុមារ នៅគង់ព្រះជន្មានៅឡើយគ្រាន់តែសន្លប់បាត់ស្មារតី ។ ក្រោយដែលបានត្រូវទឹក សន្សើមអស់មួយយប់ ព្រះអង្គក៏មានព្រះស្មារតីឡើងវិញ ។ គ្រុឌមិនអស់ចិត្តទេ នឹងជ្រុះអាហារពីមាត់ ចេះតែខំហើរឆ្វែលរកត្រង់កន្លែងដែលជ្រុះធ្លាក់នោះ ប៉ុន្តែជាភ័ព្វល្អ វារកមិនឃើញសោះ ។ ចំណែកនាងណាំក្រឹះ ក្រោយពីបានស្ដាប់ដំណឹង ពីពពួកអ្នកដែលបាន ឃើញ ចង្អុលបង្ហាញផ្លូវទៅទិស ដែលគ្រុឌឆក់កុមារនោះហើយនាងក៏មិនបង្អង់ឡើយ ។ នាងត្រេចទៅដល់កោះ នោះស្រាប់តែក្រឡេកទៅឃើញព្រះរាជកុមារនៅតែឯងកណ្ដាល ធ្នារខ្សាច់ ។ នាងណាំក្រឹះប្រញាប់ប្រញាល់ចូលទៅនិយាយទូលតាមដំណើរអោយព្រះរាជ កុមារស្គាល់ ខ្លួននាងរួចក៏នាំព្រះរាជកុមារអោយតោងក ហែលឆ្លងសមុទ្រត្រឡប់មក នគរវិញ។លុះមកដល់ពាក់កណ្ដាលសមុទ្រ ដោយរលកទឹកវាយខ្លាំង កន្ទុយក្បិនក៏របូត នាងងាកស្រវាចាប់ទាញក្បិន ព្រះរាជកុមារក៏ឈ្លក់ក្នុងទឹក ដល់ក្ស័យព្រះជន្មទៅ ។ នាងណាំក្រឹះ ភ័យជាខ្លាំងណាស់ ណាខ្លាចព្រះរាជាយកទោសណាស្ដាយព្រះរាជកុមារផង នាងក៏អត់ដង្ហើម ស្លាប់ក្នុងពេលជាមួយគ្នានោះ ទាំងព្រះរាជកុមារតោងកជាប់ទៅផង ។ អ្នកទាំងពីរក៏ក្លាយខ្លួនទៅ ជាសត្វប្រឡាំងកាសរហូតមក បានជាសត្វនេះ ឈ្មោលមានខ្លួនតូច រស់នៅតែលើខ្នងញី ពឹងប្រស្រ័យចិញ្ចឹមជីវិតដោយសារញីមកទាល់សព្វថ្ងៃ ។ គេច្រើននិយាយថា សត្វប្រឡាំងកាស ឈ្មោល តែធ្លាក់ពីលើខ្នងញី វានឹងស្លាប់ ៕

ប្រភពនិងឯកសារយោង ៖
http://sometkk.blogspot.com

No comments:

Post a Comment