Blogger Widgets
Blogger Widgets

Wednesday, April 3, 2013

រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ


រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីកុដុម្ពិកម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយ
មានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្ត ពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្សឧស្សាហ៍ ព្យាយាមមិនមានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ ។ លុះខ្លួនកាន់តែធំចេះជួយរក្សាការពារ ទ្រព្យសម្បត្តិ ឪពុក-ម្ដាយប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះ។តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួនលុះជ្រូកនេះមានវ័យ កាន់តែចម្រើនធំឡើង ៗ ឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។ ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថាៈ សូមឲ្យគិតគូរកប្រពន្ធអោយខ្លួន ។ ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថាៈ កូនអើយ! ឲ្យម្ដាយឮ-ឪពុក ទៅ​និយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ ។
សព្វថ្ងៃឪពុក​ម្ដាយ មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិឥតទាល់ក្រទេយើងមានឥតខ្វះ តែត្រង់រឿងដែលកូនអោយឪពុក ម្ដាយទៅរកស្ដីដណ្ដឹង កូនគេនោះ ឪពុក-ម្ដាយទាល់ហើយទ្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។ បើគេនិយាយថាម៉េចអោយមកវិញ ឯងគ្មានផ្លូវដោះការនេះឪពុក-ម្ដាយខ្មាសគេណាស់ ។ បើកូនយកជ្រូកដូចគ្នានោះ មិនពិបាកទេ។ជ្រូកឆ្លើយថា ៖
ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯង
ហើយ!មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ កុដុម្ពិកប្ដីប្រពន្ធ
ស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។​ ចំណែកជ្រូកនោះវិញ មុននឹងធ្វើ
ដំណើរចេញទៅ ក៏ឈរសម្រឹងឧទ្ទិសក្នុងចិត្តថា ៖ បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតា
ជួយនាំចិត្តអោយខ្ញុំដើរទៅត្រង់ទិសនោះ ។ ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាប អស់ជា
ច្រើនថ្ងៃ ទើបបានជួបយាយចាស់ម្នាក់ ដើរជីកដំឡូងតែម្នាក់ឯង ក្នុងព្រៃស្ងាត់ ជ្រូកឃើញក៏ដើរចូល
ទៅជិតសួរថា ៈ-លោកយាយ ដើររកអ្វី ?បានឬទេ?យាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអា
ណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៖-យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ!ជ្រូកសួរទៀតថា
-យាយនៅដល់ណា តើលោកតាគាត់នៅទេហើយយាយមានកូនប៉ុន្មាននាក់?​យាយឆ្លើយ​ប្រាប់ជ្រូក
ថាៈ-ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូន
ស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ។ជ្រូកឮយាយប្រាប់ថាមានកូន
ក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួន អោយយាយស្ដាប់សព្វគ្រប់ ហើយសុំ
ទៅជាមួយយាយផង។យាយនឹកក្នុងចិត្តថា ជ្រូកនេះនិយាយដឹងខុស-ត្រូវសព្វចេះភាសា​មនុស្ស​ពីរោះល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង។បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវាព្រម អញគួរតែផ្សំផ្គុំវាហើយ​​ ។ ទើបគាត់ប្រាប់ជ្រូកវិញថាៈ ចៅឯងជួយរក​ដំឡូងបន្តិចទៅ ។ ជ្រូកចូលព្រៃភ្លាម ស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មុសដី បានមើមដំឡូងគរជាច្រើនគំនរ យាយចេះតែតាមរើសដាក់កញ្ជើ រ មានទាំងដំឡូងខ្មុង អខ្យា ត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើរទាំងពីរ ។ ជ្រូកបង្គាប់ យាយ អោយលើកកញ្ជើរដំឡូង ដាក់ខ្នង ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ។ឯកូនក្រមុំទាំងពីរនាក់បានឃើញម្ដា យមកពីព្រៃ ក៏នាំគ្នាចេញទៅទទួល ។ យាយក៏បង្ហាញអោយជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើខ្នងជ្រូក ឯកូនទៅជិតម្ដាយ ក៏លួចខ្សឹបសួរថាៈ ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ?។ ម្ដាយក៏ប្រាប់សព្វគ្រប់។ លុះនៅបន្តិចទៅនោះ កូនស្រី
យាយនេះ និងចៅជ្រូក ក៏ដឹងចិត្តគ្នា ស្និទ្ធស្នាលពេលទៅរកដំឡូង ក៏ទៅជាមួយគ្នា ។ យាយម្ដាយ
ដឹងថាកូនគាត់ហើយនិងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាង បងនាងប្រកែក លុះសួរទៅនាងប្អូន នាងឆ្លើយថាៈ-ស្រេចតែម៉ែ ម៉ែអោយខ្ញុំទៅនរណា ខ្ញុំចេះតែតាម ។ យាយបានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏អោយដំណឹងទៅចៅជ្រូកដឹង ពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូរជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។ យាយក៏ចាត់ចែងអោយបានជាលំនៅឋានឲ្យកូននៅដោយខ្លួនជា ដរាបទៅ ។ បានប្រមាណជាកន្លះខែ នៅ​ស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំ គ្នាស្រស់ស្រូប បាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរឆរ ។ នាងពៅ ប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែចៅជ្រូកថា” ឲ្យប្អូនឯងមើលចុះ បងចាំនៅផ្ទះ” ។ នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញ ដឹងថា នាងភរិយាចេញ ទៅឆ្ងាយហើយ ក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូត
រូតអោយលឿន ទៅដល់ទីនោះមុននាងពៅ ។ ដល់ហើយ ក៏ចូលទៅលេងភ្លេង ជាមួយគេ ចេះបទ
បែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លងនោះដែរ។លុះអស់ពេលហើយ ដឹងថាពួកអ្នកស្រុក និង នាងពៅត្រឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរ ទៅអោយដល់ ផ្ទះមុនប្រពន្ធហើយចូលទៅស្រោមវិញដូចដើម ។ លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា ” អូនទៅមើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ?” ។ នាងពៅក៏រាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាងប្រាប់ថា ” មានអ្នកភ្លេងម្នាក់ រូបរាងស្អាតល្អណាស់ ច្រៀងក៏ពីរោះ ហើយចេះរាំចាត់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះ គ្រប់គ្នា”។ជ្រូកសួរបញ្ជាក់ថា” អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវក្រហមមែនឬទេ? ” ប្រពន្ធឆ្លើយថា ” ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនឹងគេដែរ ឬ ?ចៅជ្រូកនៅស្ងៀមមិនចេញស្ដី។តាមពិត ចៅជ្រូក និង នាងពៅ​ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែ
សំដីនឹងសំដីប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀត អ្នកស្រុក
ផ្អើលអ៊ូអរ ទៅមើលភ្លេងរបាំនោះទៀត នាងភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាត
ឥតថាអ្វីឡើយ រួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាលពីយប់មុនទៀត ។ កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ អោយទាន់ប្រពន្ធ
មកដល់ផ្ទះ។ លុះប្រពន្ធមកដល់ ក៏សួរប្រពន្ធទៀតថា ៈ-ម៉េច អូនទៅមើលល្ងាចនេះ ល្អមើលទៀតទេ?-ថ្ងៃនេះ ល្អប្លែកពីថ្ងៃមុនទៅទៀត។ចៅជ្រូកសើច រួចតបបែបដូចព្រងើយទៅ វិញថា ៈ-អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកពាក់សំពត់ខៀវពាក់អាវសមែនទេ? នាងនោះឆ្ងល់ណាស់ ក៏សួរទៅប្ដីថាៈ-ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏
អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម
ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត​ ។ ចំណែកនាងភរិយានាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះប្ដីនេះណាស់ នាងបានទៅតែបន្តិច ក៏វិលមកលបចាំឃ្លាំមើល ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងរបាំ ដែលនាងសរសើរថាល្អនោះ ។ នាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្ដី មិនឲ្យចូលទៅក្នុងស្រោម វិញឡើយ ហើយនាងអង្វរប្ដី កុំឲ្យចូលទៅក្នុងស្រោមវិញ ។ ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែសុំអោយនាងរក្សាទុកស្រោមនោះ ឲ្យបានស្រួលបួល ។ នាងពៅយកស្រោមនោះទៅទុក ដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដីហើយក៏នៅសុខសាន្តជាមួយគ្នា
រៀងរហូតមក ។ ពេលមួយនៅប្រទេសនោះឥតមានស្ដេចពួកសេនាសេវកាមាត្យក៏នាំគ្នា ធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រង់រាជ្យ។តែពេននោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺ សុសសាយទៅគ្រប់ទិសទីពពួកសេវកាមាត្យក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះអោយឡើងគ្រងរាជ្យ គ្រប់គ្រងប្រទេសតទៅ។លុះបានគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ។កុដុម្ពិករំភើបស្លុត ក្នុងចិត្ត ហើយតាំងរៀបចំទទួល
ព្រះរាជា ស្ដេចសួរអំពីដំណើររឿងដើម មានកូនប្រុស-ស្រីប៉ុន្មាននាក់។ សេដ្ឋីក្រាបទូលថាៈ ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់
ណាស់។ ពេលមួយ កូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកពុំបានទេ កូននោះក៏
ស្រាប់តែដើរបាត់រហូត មិនដឹងជាទៅណាមកណាយូរមកហើយ ”  ។ ស្ដេចជ្រាប ព័ត៌មាននេះហើយ ក៏ត្រាស់អំពីរឿងពិតអោយកុដុម្ពិកដឹងសព្វគ្រប់។កុដុម្ពិកត្រេកអរ ណាស់ ក៏នាំគ្នាឪបព្រះរាជា សរសើរបុណ្យបារមី ។ ព្រះរាជាត្រាស់បញ្ជាអោយកុដុម្ពិកទាំងភរិយាស្វាមីទៅ រស់នៅឯរាជ វាំង ។ឯយាយចាស់ ជាម្ដាយនាងពៅវិញ ក៏ ព្រះអង្គទ្រង់អនុញ្ញាតអោយមក
នៅវាំងដែរ។ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោស
ដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាអោយក្រុម
ហោរា យកនាមសត្វជ្រូក ទៅដាក់ឈ្មោះឆ្នាំមួយ ជាឆ្នាំទី១២ ឲ្យសំគាល់ថា ឆ្នាំកុរនោះជានាម
សត្វជ្រូក។នេះជារឿងព្រេង ជ្រូកបានឡើងជាឈ្មោះឆ្នាំ ៕

ប្រភពនិងឯកសារយោង ៖
http://sometkk.blogspot.com/2009/10/blog-post_6969.html

No comments:

Post a Comment