លុះពួកចោរមុជព្រមគ្នាហើយ អាឡេវក៏រត់ចុះទៅសំពៅដកយុថ្កា លាក្តោង ជួនជាខ្យល់ ជំនោរមកដល់ អាឡេវបើកក្តោងយោងទាំងសំប៉ានទៅ ចោលចោរទាំង ៥០០ ឲ្យនៅលើកោះនោះ ។ ឯចោរទាំង៥០០ ងើបអំពីទឹកឡើង រកមើលអាឡេវពុំឃើញក៏សួរគ្នាថា លោកគ្រូទៅណា? នាំគ្នារកឯកំពង់មិនឃើញ ក៏ឡើងទៅមើលលងរោងពិធី ក៏មិនឃើញ បាត់ទាំងសំពៅទាំងមនុស្ស ។ ពួកចោរទាំង ៥០០ ក៏ដឹងថា អាឡេវបញ្ឆោត ហើយទើបនាំគ្នារកឈើឫស្សីធ្វើក្បូនឆ្លង ។ អាឡេវ បើកសំពៅយកទ្រព្យរបស់ចោរទាំង ៥០០ ដែលនៅក្នុងសំពៅនោះតែពីរនាក់ប្តីប្រពន្ធ លុះបើក ក្តោងទៅអស់មួយយប់មួយថ្ងៃ ក៏បានដល់ស្រុកមួយ ហើយវារកមើលមនុស្សក្នុងស្រុកនោះ ពុំឃើញមានមនុស្សប្រុស មានតែមនុស្សស្រី ទើបដឹងថា ជាស្រុកចោរដែលវាបញ្ឆោតនោះ ទើបវាបោះយុថ្កាឈប់ ។ អស់ប្រពន្ធចោរទាំងនោះ នឹងបានដឹងស្គាល់ថាជាសំពៅរបស់ប្តីក៏ទេ ត្បិតកាលដែលប្តីចេញទៅអំពីផ្ទះតែខ្លួនទទេ លុះបានជួបនឹងឈ្មួញសំពៅ ក៏ប្លន់យក បានជាប្រពន្ធកូនមិនដឹងមិនស្គាល់ ។ លុះអាឡេវបោះយុថ្ការួចស្រេចហើយ ក៏យកដីសនិងក្តារ ឆ្នួនចេញមកក្រៅ ហើយធ្វើជាគូសវាសចាប់យាម ។ អស់ប្រពន្ធកូនចៅចោរ មើលមកឃើញអាឡេវ គូសវាសដូច្នោះ ក៏នឹកស្មានថា វាចេះចាប់យាម ទើបសួរថា អ្នកអើយ! អ្នកចេះចាប់យាមអាណិត មើលឲ្យប្តីខ្ញុំបន្តិច ត្បិតគាត់ទៅរកស៊ី ជាយូរខែហើយ ។ អាឡេវឮដូច្នោះហើយក៏ដឹងច្បាស់ថា ស្រីទាំងនោះជាប្រពន្ធចោរដែលអញបញ្ឆោតនោះជាក្រាកដហើយ វាឆ្លើយឡើងថា ក្រអ្វីសព្វ បើចាប់យាមនោះ ទោះបីសម្តង្សសម្ភារភ្លឹក អត្តៈ លេខយន្តអ្វី ខ្ញុំក៏ចេះទាំងអស់, អ្នកចង់មើលអំពីរឿងអ្វី យកតែទៀនធូប ស្លា ម្លូ មកបូជាគ្រូ កុំឲ្យសាបអាគមយាមខ្ញុំ តាមគ្រូប្រដៅមក ។ ឯប្រពន្ធចោរ ឮអាឡេវថាដូច្នោះ ក៏ម្នីម្នាឡើងទៅផ្ទះជាប្រញាប់ ប្រាប់ប្រពន្ធចោរឯទៀតៗ ឲ្យរកទៀន ធូប ភ្ញី ផ្កា ថ្លា ម្លូ ចេក អំពៅ យកទៅជូនគ្រូ ។ អាឡេវទទូលយកជំនូនហើយ តាំងយកក្តារឆ្នួនមកគូសវាសធ្វើជាចាប់យាម គិតប្រមាណក្នុងចិត្ត ឲ្យត្រូវពេលាល្មតែពួកចោរទាំង ៥០០ នោះមកដល់ផ្ទះ គឺវាគិតប្រមាណគ្នេរចម្ងាយផ្លូវ ហើយប្រាប់ប្រពន្ធចោរថា ប្តីអស់អ្នករាល់គ្នានឹងមកដល់ក្នុងថ្ងៃស្អែកនេះ, ប៉ុន្តែក្នុងវេលាយប់នេះ នឹងមានព្រាយក្បាលត្រងោល អាក្រាតកាយ រត់ចូលមកក្នុងផ្ទះ បង្កើតជាឧត្បាតធំណាស់, បើដូច្នោះ មានតែអ្នករាល់គ្នាគិតរំងាប់ឧត្បាតចេញទើបជា ។ ឯអស់ប្រពន្ធកូនចោរទាំង ៥០០ ឮអាឡេវថាដូច្នោះ ក៏ភិតភ័យហើយសួរថា គិតធ្វើដូចម្តេច នឹងរំងាប់ឧត្បាតចេញបាន? ។អាឡេវឆ្លើយថា វាងាយទេ ការរំងាប់ឧត្បាតនោះ គឺដល់វេលាព្រលប់កាលណា ត្រូវអស់អ្នករាល់គ្នានាំកូនចៅកាន់ដំបងព្រនង់ចាំនៅមាត់ទ្វារ ផ្ទះ បើឃើញព្រាយក្បាល ត្រងោលអាក្រាតកាយរត់ចូលមកក្នុងផ្ទះ ត្រូវវាយកុំឲ្យវាចូលបាន ។ ឯពួកចោរទាំង ៥០០ នោះ លុះឆ្លងរួចដល់ត្រើយកាលណា ពេលថ្ងៃពួនព្រៃ យប់នាំគ្នាដើរកាត់តម្រង់មកផ្ទះ ព្រោះគ្មានសំពត់ស្លៀក បានជាមិនចេញដើរពេលថ្ងៃ លុះដល់ថ្ងៃកំណត់ដែលអាឡេវចាប់យាម ពេលព្រលប់ពួកចោរក៏មកដល់ផ្តះខ្លួន ។ ឯកូនប្រពន្ធដែលកាន់ដំបងព្រនង់ចាំនៅមាត់ទ្វារ ឃើញប្តីរត់ចូលមក ក្នុងផ្ទះ គិតស្មានថាជាព្រាយក្បាលត្រងោលមែន ក៏ពតតែវាយ ទាល់តែដួលសម្លប់ខ្លះ របួសពិការខ្លះ, ក្រោយមកទើបបានដឹងជាប្តី ជាឪពុកខ្លួន ហើយនិយាយតាមដំណើរប្រាប់ប្តីសព្វគ្រប់ ។ ពួកចោរទាំង៥០០ ខឹងនឹងអាឡេវខ្លាំងណាស់ តែមិនដឹងគិតធ្វើដូចម្តេច ព្រោះខ្លួនត្រូវដំបងដំណំទាំងអស់គ្នា ហើយមិនដឹងជាអាឡេវនៅឯណា ។ វេលានោះ អាឡេវនៅចាំលបស្តាប់ប្រពន្ធកូនចោរវាយប្តីខ្លួនដល់ឮមាត់ស្រែកទ្រហឹង ពេញពាសទាំងស្រុក ក៏បើកសំពៅរត់ទៅស្រុកប្រពន្ធវិញ, លុះទៅដល់ហើយអាឡេវនិងប្រពន្ ធឡើងទៅរកជីដូន បានជួបនឹងជីដូនក៏សំពះសូមទោស ហើយ ប្រគល់របស់ទ្រព្យក្នុង សំពៅទាំងប៉ុន្មាន ជូនជីដូនទាំងអស់ ។ ជីដូនបានឃើញសម្បត្តិអាឡេវ អាឡេវពេញសំពៅ ក៏បាត់ខឹង បែរជាស្រឡាញ់រាប់អានអាឡេវជាចៅប្រសាមែនទែន ។ អាឡេវរៀបសង់ផ្ទះលោះ ខ្ញុំកំដរពាសពេញក្នុងផ្ទះ ឲ្យបម្រើជីដូនក្មេកនិងប្រពន្ធ, លុះនៅយូរបន្តិចមក ក៏លាជីដូននិង ប្រពន្ធទៅសួរម្តាយឪពុកវា ។ ជីដូនក្មេកផ្តាំថា បើចៅទៅកុំនៅយូរពេក ឆាប់ត្រឡប់មករកជីដូនវិញ ត្បិតសព្វថ្ងៃនេះ ជីដូនកំព្រាឥតមានអ្នកឯណាជាទីពឹងទេ! ។ ឯប្រពន្ធអាឡេវចង់តាមអាឡេវ ទៅដែរ ក៏និយាយថា ខ្ញុំចង់ទៅជាមួយនឹងអ្នក ឲ្យស្គាល់ម៉ែឪ បងប្អូន ញាតិសន្តាន ស្រុកទេសអ្នក មួយទៀត ខ្ញុំមិនចង់ឃ្លាតឆ្ងាយពីង្នកទេ ព្រោះថា ស្រ្តីប្តីទៅឆ្ងាយហើយកម្រនឹងទុកដាក់ រក្សាខ្លួនណាស់, អ្នកផងគេតែងនិន្ទាថា ដូចជាស្រីមេម៉ាយចំណាយមាត់គេ ហេតុដូច្នេះ បានជាខ្ញុំមិនចង់នៅ ចង់ទៅតាមអ្នកជាប្ត ។ អាឡេវឆ្លើយឡើងថានាងអើយ! បងចង់បាននាង ទៅជាមួយដែរ ប៉ុន្តែអាណិតជីដូន ត្បិតគាត់ចាស់ជរានាស់ហើយ ក្រែងឈឺចាប់យប់ថ្ងៃ គ្មាននរណាថែទាំ បីបមរក្សាដុះថ្នាំចាំជម្ងឺ នឹងទុកចិត្តលើមនុស្សម្នាខ្ញុំកំដរមិនបានទេ ដូចកាលយើងនាំគ្នារត់ទៅនោះ គាត់សន្ធឹកសន្ធៃឈឺរីងរៃស្គាំស្គម ទើបនឹងបានគ្រាន់បើ, ឥឡូវនេះ បើយើងទៅចោលគាត់ទៀត គាត់នឹងឈឺស្លាប់ពុំខានឡើយ ពីមុន បានជាខុសធ្លោយម្តងទៅហើយ ឥឡូវនេះ យើងគិតកុំឲ្យខុស ធ្លោយម្តងទៀត ។ ឯប្រពន្ធឮប្តីថាដូច្នោះ នឹកអាណិតជីដូន ក៏ព្រមឲ្យប្តីទៅទើបរៀបស្បៀងរៀងខ្លួន សម្រាប់បរិភោគតាមផ្លូវសព្វគ្រប់ហើយ សួរប្តីថា អ្នកនឹងយកមនុស្សម្នា រទះសាលី ទៅប៉ុន្មាន? ។ អាឡេវឆើ្លយថា បងមិនយកទៅទេ, បងទៅតែម្នាក់ឯង ។ ឯគំនិតអាឡេវ បានជាមិនចង់យកមនុស្សម្នាទៅពីព្រោះគិតចង់ បានប្រពន្ធទៀត, បើយកមនុស្សតាមក្រែងគេដឹងថាខ្លួនមានប្រពន្ធហើយ នឹងទៅដណ្តឹងកូន គេទៀត ក្រែងគេមិនឲ្យ ហើយវានិយាយនឹងប្រពន្ធថា បងធ្លាប់ដើរតែម្នាក់ឯង តែមានមនុស្សម្នា ក្របីគោ រទេះទៅជាមួយផង នឹងធ្វើដំណើរមិនរហ័សទាន់ចិត្ត, ហេតុដូច្នេះបានចាបងមិន ចង់យកទៅ ។ អាឡេវវេចតែប្រាក់និងស្បៀង គ្រាន់នឹងស៊ីតាមផ្លូវ ។ ឯជីដូនផ្តាំហើយផ្តាំទៀតថា បើចៅទៅដល់ម្តាយឪពុកនៅជាសុខសប្បាយ ចូរចៅឆាប់ត្រឡប់មកចិញណ៎ាចៅណា៎! ។ អាឡេវក៏លាជីដូននិងប្រពន្ធហើយចេញដំណើរទៅលុះទៅដល់អ្នកង៉េះនិងនាងង៉ោះជាឪពុកម្តាយហើយក៏យកប្រាក់ទៅជូន ម្តាយឪពុកៗ មានចិត្តត្រេកអរសួរថា កូនទៅណាបាត់យូរម៉្លេះ? ម្តាយឪពុកចេះតែទន្ទឹង មើលផ្លូវកូនតែសព្វថ្ងៃ ។ អាឡេវប្រាប់ថា ខ្ញុំទៅគិតការរកស៊ី ត្បិតម៉ែឪឯងមិនគិតរកស៊ីនឹងគេ ។ អ្នកង៉េះនិងនាងង៉ោះឆ្លើយថា តាមតែកូនគិតចុះ ចំណែកខាងម្តាយនិងឪពុក រកស៊ីគ្រាន់តែមាត់ ហើយនិងរក្សាទ្រព្យទុកឲ្យកូន ចូរកូនគិតរកអម្រស់អម្រដោយខ្លួនឯងចុះ ។ អាឡេវ នៅនឹងម្តាយឪពុកបានពីរបីថ្ងៃ ក៏លាចេញដើរទៅទៀត លុះទៅដល់ស្រុកធំ វាចូលទៅមើល ក្នុងវាំងសព្វគ្រប់ហើយ ចេញមករកមើលផ្ទះនាហ្មឺនសេដ្ឋី ក៏ឃើញសេដ្ឋីម្នាក់មានផ្ទះធំទ្រនំខ្ពស់ មានទ្រព្យសម្បត្តិច្រើន មានរោងរទេះគោក្របីដំរីសេះ មនុស្សម្នាខ្ញុំកំដរពាសពេញ មានច្បារដំណាំជាឧឡាន មានជើងផ្កាគ្រប់ជំពូកគ្រប់ពណ៌ដាក់ហែជាជួរក្នុងសួនច្បារ មានត្រីប្រាក់ត្រីមាស មានស្រះដាំដើមឈូកសឈូកក្រហមព្រលិតលំចង់ស្ឃង្គ័ជដុះពាសពេញ ហើយមានកូនក្រមុំមិនទាន់មានប្តី ។ អាឡេវមានចិត្តស្រឡាញ់ចង់បាន ក៏ចូលទៅកាន់ផ្ទះសេដ្ឋី ហើយជម្រាបសុំខ្លួននៅធ្វើជាកូនក្មួយ ។ សេដ្ឋី ឃើញអាឡេវមកសុំខ្លួននៅធ្វើជាកូនក្មួយដូច្នោះ ក៏មានចិត្តអាណិតស្រឡាញ់ ហើយសួរថា ឯងនៅស្រុកណា? ម្តាយឪពុកនៅស្រុកណា? ។ អាឡេវជម្រាបសេដ្ឋីថា ខ្ញុំបាទនៅស្រុកឆ្ងាយណាស់, ឪពុកម្តាយខ្ញុំបាទមានទ្រព្យរបស់របរខ្ញុំកំដរ គោក្របី ដំរីសេះ ផ្ទះសម្បែងដូចលោកដែរ ប៉ុន្តែគាត់មានជម្ងឺ ឈឺស្លាប់អស់ហើយ, ខ្ញុំបាទតូចចិត្តណាស់ មិនចង់នៅ ត្បិតធ្លាប់មានម៉ែឪ ឥឡូវនៅតែម្នាក់ឯងបានជាខ្ញុំបាទ ចោលផ្ទះសម្បែង ទ្រព្យរបស់,, ។ មកសុំនៅជាមួយនឹងលោក តាមតែលោកប្រើធ្វើការងារអ្វីៗ ខ្ញុំបាទទទួលទាំងអស់ សេដ្ឋីក៏ព្រមទទួលយកអាឡេវឲ្យនៅ ។ ចាប់ដើមតាំងពីថ្ងៃដែលមក នៅនឹងសេដ្ឋី អាឡេវតែងភ្ញាក់អំពីព្រឹក បោសផ្ទះថែទាំរបស់ទ្រព្យរៀបទុកដាក់តាមទីកន្លែង ហើយខំធ្វើការដូចជារបស់ខ្លួន។សេដ្ឋីឃើញអាឡេវឧស្សាហ៍ធ្វើការថែទាំរបស់ទ្រព្យមិនមានឲ្យឃ្នើសចិត្ត ក៏រឹតតែស្រឡាញ់ឡើង ឲ្យអាឡេវត្រួតត្រាដាស់តឿនមនុស្សម្នាខ្ញុំកំដរទាំងអស់ រាល់តែវេលាសេដ្ឋី ទៅគាល់ស្តេច បានយកអាឡេវទៅផង លុះទៅជាញឹកញយ អាឡេវស្គាល់ពួកក្រម ការនិងកូនក្មួយទាំងអស់ តមកទៀត វាស្គាល់ដល់នាហ្មឺនធំតូច តាំងពីលោកក្រឡាហោម យមរាជ ចក្រីវាំង និងនាហ្មឺនធំតូចឯទៀត ប៉ុន្តែ អាឡេវធ្វើចិត្តជា ទុកជានរណាត្មះតិះដៀលដូចម្តេច ក៏មិនចេះខឹងនឹងគេ សូម្បីកូនក្មួយផងគ្នាធ្វើដូចម្តេចៗ ក្តីអាឡេវក៏មិនចេះតបមិនចេះខឹងឡើយ ។
No comments:
Post a Comment