កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្តាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្តាយ ឪពុកថា ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ, បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ, ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី ។ អាឡេវនិងឪពុកម្តាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី គិតហើយប្រាប់ឪពុកវាថា ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្តាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ លុះទៅដល់ជិតផ្ទះ អាឡេ មកសំពត់ទទូរក្បាលហើយធ្វើជាយំ ដើរចូលទៅក្នុងផ្ទះ ។ ឯម្តាយឃើញកូនយំដូច្នោះ ក៏សួរទៅកូនថា ថ្វីក៏កូនយំ? ។ អាឡេវ ធ្វើជាយំខ្លាំងឡើងទៀត ។ ម្តាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះ ក៏ស្ទុះទៅឱប ហើយបើកសំពត់អំពីក្បាលកូនចេញ ឃើញក្បាលកោររលីង រឹតតែសង្ស័យ ហើយសួរទៀតថា ហេតុអ្វី ក៏បានជាកោរសក់ហើយយំដូច្នេះ? ។ អាឡេវប្រាប់ម្តាយថា ឪគាត់ស្លាប់ហើយ! ។ នាងង៉ោះ លុះឮកូនថាដូច្នោះ ក៏គក់ទ្រូងស្រែកទួញយំអាឡោះអាល័យ រៀបរាប់ពីកាលចាប់ដៃគ្នា បានជាប្តីប្រពន្ធរៀងរាបដរាបមក ។ អាឡេវ ឃើញម្តាយយំសង្រេងសង្រៃដូច្នោះ ក៏អង្វរលួងលោមម្តាយថា អ្នកម៉ែអើយ! អ្នកកុំយំ! បើអ្នកចេះតែយំ តើធ្វើដូចម្តេចនឹងបាន ធ្វើបុណ្យទានបញ្ជូនទៅឲ្យឪ! ។ នាងង៉ោះជាម្តាយ ឮអាឡេវឃាត់មិនឲ្យយំ ហើយសួរទៅអាឡេវថា បានរៀបបញ្ចុះខ្មោចឪឯងរួចហើយឬនៅ? ។ អាឡេវប្រាប់ម្តាយថា ខ្ញុំបានពឹងអ្នកស្រុក ឲ្យគេជួយរៀបបញ្ចុះខ្មោចឪរចល្អល្អិតហើយ ។ នាងង៉ោះឮកូនថាដូច្នោះ ក៏ម្នីម្នារៀបធ្វើអន្សមនំគម ចំណីចំណុក ហើយនិយាយនឹងអាឡេវថា កូនអើយ! ឯងយកនំចំណីនេះ ទៅធ្វើបុណ្យឲ្យឪឯងចុះ! អញមិនទៅទេ, បើអញទៅឃើញស្រែដែលឪឯងធ្វើ កន្លែងដែលឪឯងទៅ និងផ្នូរខ្មោចឪឯងនោះ ម្តាយរឹតជាកើតទុក្ខច្រើនឡើងទៀត បើដូច្នោះ ឯងទៅចុះ ។ អាឡេវឮម្តាយថាដូច្នោះ ក៏នឹកអរក្នុងចិត្តណាស់ ត្បិតត្រូវនឹងគំនិតខ្លួនដែលកុហកម្តាយនោះ ហើយក៏ម្នីម្នារៀបសង្រែក រួចហើយក៏រែកទៅ លុះទៅដល់ពាក់កណ្តាលផ្លូវ ដាក់អម្រែកពីលើស្មា ហើយអង្គុយស៊ីនំនិងចំណី ចំណុកលុះត្រាតែឆ្អែត នៅសល់ខ្លះ អាឡេវរៀបទុកយកទៅផ្ញើឪវា ។ លុះទៅដល់ជិតខ្ទមឪវាៗ ធ្វើជាយំទៀត ។ អ្នកង៉េះជាឪពុក ឃើញកូនយំ ហើយសក់ទើបនឹងកោរថ្មីៗ ដូច្នេះ ក៏សួរទៅថា កូនអើយ! ថ្វីក៏ឯងយំ ហើយកោរទាំងសក់ក្បាលដូច្នេះ ។ អាឡេវប្រាប់ឪពុកថា ឪអើយ! ឥឡូវនេះ ម៉ែគាត់ស្លាប់ទៅហើយ បានជាខ្ញុំកោរសក់, អស់បងប្អូនគេរៀបធ្វើបុណ្យឲ្យម៉ែ បានជាមានទាំងនំ ឥឡូវនេះ ខ្ញុំយកមកផ្ញើឪពិសា! ។ ឯឪពុកជាមនុស្សឆោតល្ងង់ណាស់ ឮកូនប្រាប់ដូច្នោះ ក៏យំអាណិតប្រពន្ធ ហើយក៏និយាយនឹងអាឡេវថា កូនអើយ! អំពីថ្ងៃនេះទៅ ឪពុកលែងទៅទន្លេទៀតហើយ ។ អាឡេវឮថាឪពុកលែងទៅស្រុកដូច្នោះ ក៏នឹកអរក្នុងចិត្តណាស់ ព្រោះត្រូវនឹងគំនិតខ្លួនគិត ។ លុះយូរបន្តិចទៅ អាឡេវនិយាយនឹងអ្នកង៉េះជាឪពុកថា ឪអើយ! ឥឡូវនេះ ឪនៅតែពីរនាក់នឹងខ្ញុំ ដូចសព្វថ្ងៃនេះ លំបាកណាស់, គ្មានអ្នកណានឹងដណ្តាំបាយស៊ី គ្មានអ្នកណានឹងដេរសំពត់អាវស្លៀកដណ្តប់, បើដូច្នោះ ឪឯងរកដណ្តឹងប្រពន្ធយកមក គ្រាន់នឹងដាំបាយ ដងទឹក បុកស្រូវ ទើបយើងមិនសូវនឿយហត់ដូចសព្វថ្ងៃពេក ។ អ្នកង៉េះជាឪពុក ឆ្លើយឡើងថា កូនអើយ! ម្តាយឯងស្លាប់ទៅ ពុំទាន់បានមួយខែទេ, ឥឡូវនេះ ឯងឲ្យឪយកប្រពន្ធទៀត កូនមិនអាណិតម៉ែឯងទេ? ឬមួយទៀតឪខ្មាសគេ ក្រែងគេថាប្រពន្ធស្លាប់ពុំទាន់បានប៉ុន្មានថ្ងៃ ប្តីគិតរកប្រពន្ធថ្មី ឪខ្មាស់គេណាស់មិនយក ប្រពន្ធទៀតទេ ។ អាឡេវចេះតែអង្វរឪពុកតែសព្វថ្ងៃ ។ ថ្ងៃមួយអាឡេវឃើញឪពុកមក ពីស្រែនឿយហត់ណាស់ វាក៏និយាយថា ឪអើយ!ឥឡូវនេះ ឪឯងនឿយណាស់ព្រោះគ្មានប្រពន្ធ នឹងជួយកម្លាំង មួយទៀត បាក្យបុរាណលោកថា មនុស្សគ្មានប្រពន្ធដូចជាឪឯងនេះ បើទៅធ្វើការ ឯព្រៃ បាត់ការឯផ្ទះ ធ្វើការផ្តះ បាត់កាឯព្រៃ, ធ្វើដូចម្តេច នឹងបានប្រាក់ចាយបាយស៊ីនឹងគេ ហើយខ្លួនក៏នឿយណាស់ផង ។ អ្នកង៉េះឮកូនអង្វរដូច្នាំ ក៏សួរទៅថា បាននរណាគេទៅដណ្តឹង ប្រពន្ធឲ្យឪ? ។ អាឡេវឆ្លើយឡើងថា ឪកុំព្រួយ សឹមខ្ញុំទៅរកដណ្តឹងជូនឪនៅចាំតែរៀប របស់នឹងទៅការចុះ ។ អ្នកង៉េះជាឪពុកឮកូនថា ដូច្នោះ ក៏ថា តាមតែកូនគិតចុះ! ។ អាឡេវឮឪពុកព្រមដូច្នោះហើយ ក៏រៀបខ្លួនម្នីម្នាទៅផ្ទះនាងង៉ោះជាម្តាយ នៅបានពីរបីថ្ងៃ ទើបវានិយាយនឹងនាងង៉ោះជាម្តាយថា ម៉ែអើយ! យើងនៅតែពីរនាក់, ខ្ញុំក៏ក្មេង មិនចេះរកស៊ីធ្វើការ, ម៉ែជាស្រីហើយមេម៉ាយផង, ឥឡូវមានគេចង់បានម៉ែៗ យកប្តីទៅ គ្រាន់គេនឹងចិញ្ចឹមសោះ អត់ឃ្លាន, យើងក៏មិនសូវលំបាក ។ ឯនាងង៉ោះឮអាឡេវជាកូនថាដូច្នោះ ក៏ឆ្លើយថា កូនអើយ! ឪឯងទើបតែងនឹងស្លាប់បាន ៥-៦ ថ្ងៃ ឥឡូវនេះ កូនឲ្យម្តាយយកប្តីទៀតដូច្នេះ មិនត្រូវទេ អ្នកផងគេនឹងសើចតិះដៀលនិន្ទាថា ស្រីចើកអាស ប្តីស្លាប់ពុំទាន់បានប៉ុន្មានថ្ងៃ ចង់បានប្តីទៀត ។ អាឡេវឮម្តាយថាដូច្នោះ ក៏ឆ្លើយឡើងថា ម៉ែអើយ! បើទុកជាម៉ែខ្លាចពាក្យអ្នកផងគេនិន្ទាដូច្នោះ គេក៏មិនបានមករកចិញ្ចឹមយើងដែរ គេបានប្រាក់កាស គេមិនឲ្យចាយទេ កាលខ្ញុំនៅឯស្រែ មានប្រុសម្នាក់ មុខមាត់ខ្លួនប្រាណដូចខ្មោចឪ ហើយគាត់ស្រឡាញ់ខ្ញុំដូចជាកូនគាត់ សួរខ្ញុំថា ឯងមានម៉ែឪដែរឬទេ? ខ្ញុំប្រាប់គាត់ថា គ្មានឪទេ មានតែម៉ែ ហើយគាត់និយាយនឹងខ្ញុំថា ចង់បានម៉ែជាប្រពន្ធតើម៉ែឯងព្រមដូចម្តេច? បើម៉ែព្រមគាត់នឹងរៀបរណ្តាប់មកចែចូវ មានអ្នកផ្លូវ ចៅមហា មានខាន់ស្លាក្រយាសំពេះ តាមច្បាប់សណ្តាប់ប្រពៃណីពីបុរាណមក, បើម៉ែមិនព្រម ខ្ញុំក៏មិនដឹងដែរ តាមតែម៉ែគិត ធ្វើការរកស៊ីចុះ ។ នាងង៉ោះជាម្តាយ ឮកូននិយាយអង្វរផ្ទញ់ផ្ទាល់ដូច្នោះ ក៏ឆ្លើយតបទៅវិញថា តាមតែកូនគិតចុះ ។ អាឡេវ ឮម្តាយថាតាមតែចិត្តដូច្នោះ ក៏អរណាស់គិតថាពេលនេះ អញបាននំស៊ីទៀតហើយ ហើយក៏រៀបចំផ្ទះសម្បែងរួចប្រាប់នាងង៉ោះជាម្តាយថា ត្បិតគេចង់រៀបការឆាប់ៗ ខ្ញុំលាម៉ែទៅស្រែ ដើម្បីរកមាន់ទាបន្លែបង្ការ ហើយនឹងប្រាប់ង្នកដែលចង់បានម៉ែជាប្រពន្ធនោះផង ដើម្បីឲ្យគេរករណ្តាប់រៀបការ ។ អាឡេវ ក៏ម្នីម្នារៀបខ្លួនទៅស្រែ ទៅដល់ហើយ ក៏និយាយប្រាប់អ្នក ង៉េះជាឪពុកថា ឪអើយ! ខ្ញុំទៅរកប្រពន្ធឲ្យឪបានហើយ នាងនោះមុខមាត់សំដីសំដៅ កម្ពស់កំពសម្បុរសំបកដូចម៉ែបេះបិទ, ឥឡូវខ្ញុំឲ្យគាត់នៅលើផ្ទះយើងហើយបើដូច្នេះឪរៀប រណ្តាប់ទៅការឲ្យឆាប់ ។ អ្នកង៉េះឮអាឡេវប្រាប់ថាគេឲ្យរៀបការជាឆាប់ដូច្នោះ ក៏ម្នីម្នាពឹងអ្នកស្រុកជិតខាង ឲ្យជួយធ្វើនំនែកចំណីចំណុក ហើយខ្លួនគាត់ទៅរកទិញមាន់ទា បន្លែបង្ការបានសព្វគ្រប់មុខ ។ ឯអាឡេវចេះតែស៊ីនំរាល់ថ្ងៃ ហើយនិយាយនឹងឪពុកថា ប្រពន្ធដែលខ្ញុំដណ្តឹងឲ្យនោះ មេបាបើកឲ្យរៀបការតែយប់ បើមិនព្រមដូច្នោះ មេបាមិនបើកឲ្យការទេ ។ អ្នកង៉េះឮអាឡេវថាដូច្នោះ ហេតុតែជាមនុស្សឆោតល្ងង់ តាមតែពាក្យអាឡេវបង្គាប់ដូចម្តេច ក៏តាមទាំងអស់ ទើបរកវេលាទៅរៀបការឲ្យតែវេលាយប់ ។ ពេលល្ងាច អ្នកង៉េះក៏ពឹងអស់បងប្អូន ដែលនៅជិតខាង ឲ្យជួយជញ្ជូនអស់បណ្ណាការ នាំទៅរៀបមង្គលការ ។ លុះទៅដល់កន្លែងការក៏រៀបដណ្តាំបាយស្លស្លុក អ្នកខ្លះក៏រៀបផ្លែឈើចំណីចំណុកទៅជូនមេបាតាមទំនៀម ។ នាងង៉ោះពឹងអស់បងប្អូន មករៀបបណ្ណាការទទួលតាមច្បាប់ ។ ឯអាឡេវ គិតតែស៊ីនំឲ្យឆ្អែត ។ នាងង៉ោះឮមាត់អ្នកង៉េះ នឹកឆ្ងល់ក្នុងចិត្តថា មាត់និយាយនោះ ដូចជាសំឡេងអ្នកង៉េះប្តីអញ ។ អ្នកង៉េះឮមាត់នាងង៉ោះក៏ឆ្ងល់ក្នុងចិត្តថា សំឡេងនិយាយនោះ ដូចជាសំឡេងនាងង៉ោះប្រពន្ធអញ ។ អ្នកង៉េះសង្ស័យណាស់ ក៏ឡើងទៅលើផ្ទះ ឃើញនាងង៉ោះក៏ថា នាងនេះដូចជានាងង៉ោះប្រពន្ធអញ ។ ឯនាងង៉ោះថា អ្នកនេះ ដូចជាអ្នកង៉េះប្តីអញ ។ អស់បងប្អូនអ្នកស្រុកគេថា អ្នកង៉េះហើយ ថាមិនអ្នកង៉េះ នាងង៉ោះហើយថាមិននាងង៉ោះ ។ លុះអ្នកង៉េះនិងនាងង៉ោះ ឃើញគ្នាជាក់មែនទែនហើយ ទើបដឹងថាអាឡេវវាបញ្ឋោត ក៏អៀនរត់ទៅដោយខ្លួនទីទៃៗ ។ អាឡេវដឹងថាម្តាយឪពុកដឹងដូច្នោះ ក៏វេះពួន លុះព្រឹកឡើង អាឡេវរត់ទៅនៅវត្ត ធ្វើជាកូនសិស្សលោក ។ ឯអ្នកង៉េះនិងនាងង៉ោះ ក៏នៅជាប្តីប្រពន្ធនឹងគ្នាដូចដើមទៅ ។ អាឡេវនៅរៀនអក្សរ នឹងលោកគ្រូសង្រ្គាជ ។ លុះនៅយូរទៅ អាឡេវគិតថា អញនឹងបញ្ឆោតលោកសង្ឃណាដែលមានប្រាក់ច្រើន យកទៅឲ្យម៉ែឪអញ ។ អាឡេវគិតដូច្នោះហើយក៏ទៅនិយាយនឹងលោកភិក្ខុកម្លោះមួយអង្គ ដែលមានប្រាក់ច្រើនថា មានស្រីម្នាក់ស្រឡាញ់លោកគ្រូ ស្រីនោះក្រមុំល្អល្អាច់ណាស់ ។ លោកឮអាឡេវថាដូច្នោះអរចង់បាន ហើយនិយាយនឹងអាឡេវថា បើប្រាកដដូចឯងថាមែន អញនឹងឲ្យប្រាក់ឯងមួយបាទ ។ អាឡេវថា ចាំដល់ពេលយប់ងងឹត លោកគ្រូ ទៅចាំនៅកន្លែងនោះ ខ្ញុំករុណានឹងនាំស្រីនោះមក ហើយវាលាលោកចុះពីលើកុដិ ដើរតម្រង់ទៅផ្ទះចិន គិតទៅនិយាយបញ្ឆោតចិនទៀត លុះទៅដល់ហើយ ដើរចូលទៅក្នុងផ្ទះ និយាយនឹងចិនថា ចិកៗ! ចង់បានស្រីក្រមុំល្អដែរឬទេ? ។ ចិនឆ្លើយថា អើរអញចង់បាន ។ អាឡេវថា បើចិកចង់បាន តើឲ្យប្រាក់អញប៉ុន្មាន? ។ ចិនថា អញឲ្យមួយបាទ ។ អាឡេវថា តិចណាស់ បើឲ្យពីរបាទនោះអញរកស្រីក្រមុំសៗល្អៗ ឲ្យចិកឯង ។ ចិនថា អើ! ។ អាឡេវថា បើដូច្នោះចាំពេលយប់ងងឹត អញនឹងនាំមកឲ្យចិកឯង ហើយអាឡេវក៏ត្រឡប់ទៅវត្តវិញលុះដល់វេលាយប់ងងឹតមើលគ្នាមិន ស្គាល់ វាក៏នាំលោកនោះ ឲ្យទៅអង្គុយចាំក្នុងរោងមួយស្ងាត់ ហើយវានិយាយផ្តាំលោកថា បើខ្ញុំករុណានាំស្រីនោះមកដល់ លោកយកចីពរទទូរព្រះកេសឲ្យជិត ។ អាឡេវផ្តាំលោកនោះរួចហើយ ក៏ដើរចូលទៅក្នុងផ្ទះចិន ហៅចិននោះចេញមក ហើយនិយាយ ឥឡូវអញរកស្រីក្រមុំ ឲ្យចិកឯងបានហើយ ។ អាឡេវវាផ្ទាំចិនថា បើចិកឯងចូលទៅដេកនឹងស្រីនោះ ត្រូវទទូរក្បាលឲ្យជិត ទើបនាំចិកនោះទៅរៀបរោងដែលលោកនៅចាំ ហើយវាខ្សឹបប្រាប់ចិនថា ស្រីនៅក្នុងនេះហើយ ឲ្យប្រាក់មក ។ ចិនមើលទៅក្នុងរោងឃើញលោកអង្គុយទទូរចីពរនៅនោះ គិតស្មានថាជាស្រីមែន ក៏ឲ្យប្រាក់ទៅអាឡេវ ។ អាឡេវបានប្រាក់ហើយ ក៏វេះជាប្រញាប់ត្រឡប់ទៅវត្តវិញ ។ លុះចិននិងលោកបានជួបគ្នាហើយ ចិនគិតថា លោកជាស្រី លោកក៏គិតថា ចិនជាស្រីក៏ប្រចាប់គ្នាផ្ទួល ដោយលោកអត់ចង្ហាន់ល្ងាចមិនមានកម្លាំងក៏ដួលដេកទៅ ។ ចិនពាល់ត្រូវស្វាសលោក ក៏ដឹងថាអាឡេវកុហក ។ ទាំងលោកទាំងចិន លុះដឹងថាអាឡេវបញ្ឆោតក៏អៀនទៅកុដិ ទៅផ្ទះដោយខ្លួនៗទៅ ។ អាឡេវនៅចាំលោកឯកុដិ លុះលោកមកដល់កុដិហើយ វាក៏ទារប្រាក់អំពីលោកៗនោះថា អាឡេវឯងបញ្ឆោតអញ ហើយឯងមកទារប្រាក់ពីអញទៀត អញមិនឲ្យឯងទេ ។ អាឡេវថា បើលោកមិនឲ្យប្រាក់ទេ ខ្ញុំករុណានឹងទៅពិតលោកគ្រូធំថា លោកទៅដេកនឹងស្រី ហើយនឹងទៅប្រាប់អស់ឧបាសក ទាយក អ្នកស្រុក ក្នុងភូមិទាំងអស់ឲ្យគេដឹងទៀត បើគេដឹងហើយ គេមិនឲ្យបាយលោកឆាន់ទេ ហើយលោកក៏នឹងខ្មាសគេ នៅវត្តជាមួយគេពុំបាន មួយទៀត បើខ្ញុំករុណាទៅដល់ក្រុមសង្ឃការី មុខជាគេមកចាប់លោកយកទៅជំនុំជម្រះពិចារណា តាមដំណើរដេលលោកជួលខ្ញុំករុណាឲ្យរកស្រី ហើយលោកថា ឲ្យប្រាក់ខ្ញុំករុណាមួយបាទ ឥឡូវនេះ លោកបានដេកនឹងស្រីហើយ លោកគេចថា មិនឲ្យវិញ ខ្ញុំករុណាមិនលែងលោកទេ! មុខជាទៅពិតលោកគ្រូធំហើយ ។
No comments:
Post a Comment